សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181

Wednesday, October 7, 2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ទស្សនៈ៥ចំណុច ដើម្បីពង្រឹងវិស័យសុខាភិបាល និងការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិ

KKK


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ទស្សនៈ និងលើកទឹកចិត្តឱ្យមានការពង្រឹងវិស័យសុខាភិបាល និងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។

ការផ្តល់ទស្សនៈបែបនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ ក្នងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ដើម្បី​អប​អរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរ​ខួប​៨០​ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។

សម្តេចមហាបវរធិបតី បានលើកឡើងនូវទស្សនៈសំខាន់ៗចំនួន ៥ ចំណុច រួមមាន៖

ទី១៖ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវសិក្សា និងកែលម្អវិធីសាស្ត្របណ្ដុះបណ្ដាល និងធ្វើបច្ចុប្បន្នភាព សុខាភិបាលជាប្រចាំ ដើម្បីឆ្លើយតបកាន់តែប្រសើរឡើង និងការវិវត្តនៃវិទ្យាសាស្ត្របច្ចេកវិទ្យា និងបញ្ហាប្រឈម នៅក្នុងប្រព័ន្ធសុខភាពសាធារណៈ ដោយត្រូវធានាថានិស្សិតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគិតវិភាគ ដោះស្រាយបញ្ហា សម្រេចចិត្តផ្អែកលើភស្តុតាង និងការធ្វើការជាក្រុមពហុវិជ្ជាជីវៈ តាមរយៈការលើកកម្ពស់អភិក្រមការបណ្ដុះបណ្ដាលផ្សារ ភ្ជាប់ការអនុវត្តតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា។

ទី២៖ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវជំរុញឲ្យនិស្សិត និងអ្នកជំនាញសុខាភិបាលមានអក្ខរកម្មសុខាភិបាល និងអក្ខរកម្មបញ្ញាសិប្បនិម្មិត ព្រមទាំងយល់ដឹងកាន់តែស៊ីជម្រៅអំពីសុវត្ថិភាពទិន្នន័យ ឯកភាព ឯកជនភាព សីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវធានាថាអ្នកជំនាញសុខាភិបាលជំនាន់ថ្មីអាចប្រើប្រាស់ទិន្នន័យ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងការរៀនស្រាវជ្រាវ ធ្វើរោគវិនិច្ឆ័យ និងសម្រេចចិត្តផ្អែកលើគ្លីនិក។ ក្នុងន័យនេះ គ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាលត្រូវដើរតួជាមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ក្នុងប្រព័ន្ធសុខភាពសាធារណៈកម្ពុជា។

ទី៣៖ ក្រសួងសុខាភិបាលត្រូវខិតខំពង្រឹងទំនាក់ទំនងល្អរវាងគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាល មន្ទីរពេទ្យ មូលដ្ឋានសុខាភិបាល និងសហគមន៍ ដើម្បីឲ្យនិស្សិតទទួលបានបទពិសោធន៍ជាក់ស្ដែង ជាពិសេសត្រូវផ្ដោតលើការថែទាំបឋម ការលើកកម្ពស់សុខភាព និងការបង្ការជំងឺតាមសហគមន៍ និងត្រូវឲ្យនិស្សិតយល់ថាមនុស្សគ្រប់រូបមានតម្លៃនៃជីវិតស្មើគ្នា ហើយវិជ្ជាជីវៈសុខាភិបាលត្រូវបានផ្សារភ្ជាប់ជាមួយមនុស្សធម៌ និងសីលធម៌។

ទី៤៖ ក្រសួងសុខាភិបាលត្រូវជំរុញការអភិវឌ្ឍសមត្ថភាពអ្នកជំនាញសុខាភិបាលក្នុងការអប់រំសុខភាព បង្ការជំងឺ និងលើកកម្ពស់សុខភាពដល់បុគ្គល គ្រួសារ និងសហគមន៍ ដែលត្រូវផ្លាស់ប្ដូរផ្នត់គំនិតពីព្យាបាលនៅពេលឈឺទៅជាបង្ការមុនពេលឈឺ និងរកឃើញជំងឺឲ្យបានឆាប់ ព្រមទាំងត្រូវលើកកម្ពស់ការសិក្សាស្រាវជ្រាវលើបញ្ហាជាក់ស្ដែងនៅកម្ពុជា ដូចជាជំងឺឆ្លង ជំងឺមិនឆ្លង ភាពធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិក សុខភាពមាតា និងទារក សុខភាពផ្លូវចិត្ត សុខភាពបរិស្ថាន សុខភាពតែមួយ និងបញ្ហាសុខភាពដទៃទៀតដែលកំពុងកើតឡើង ដើម្បីជាមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ដាក់ចេញនូវក្របខណ្ឌគោលនយោបាយ សម្រាប់ការកែលម្អវិស័យសុខាភិបាល និងរៀបចំនីតិប្រតិបត្តិស្តង់ដារសម្រាប់លើកកម្ពស់សេវាសុខភាពនៅកម្ពុជា។

ទី៥៖ គ្រូពេទ្យ និង បុគ្គលិកបច្ចេកទេស ទាំងក្នុងវិស័យសាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើ សេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គមត្រូវចំណាយខ្ពស់។

លើសពីនេះ ត្រូវកសាង និង រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបទប្រកបដោយសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំង លើកទឹកចិត្តអ្នកជំងឺ និង គ្រួសារអ្នកជំងឺ ឱ្យចូលរួមក្នុងការសម្រេចចិត្តលើ ការព្យាបាល ព្រមទាំង ផ្តល់ចំណេះដឹង និង បទពិសោធ អំពីការថែទាំបឋម ព្យាបាល បង្ការជំងឺ គ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និង ថែទាំអ្នកជំងឺជាដើម៕អត្ថបទដោយ MET KIM AU

0 Comment:

Post a Comment